«ផែនការជីវិត» ដែល​អ្នកគួរតែចាប់ផ្តើមរៀបចំ ដើម្បីកុំឲ្យជីវិតតែលតោល គ្មានគោលដៅ

plan thumnail

«រៀបផែនការជីវិត» ប្រហែលឃ្លានេះអ្នកតែងតែលឺជារឿយៗ ពិសេសពេលវ័យកាន់តែច្រើនឡើងៗ។ វ័យលើស ២៥ឆ្នាំ វ័យសឹងតែចូល៣០ឆ្នាំ តែមនុស្សមួយចំនួននៅតែលតោល ដូចទូកកណ្ដាលទន្លេនៅឡើយ។ មិនដឹងថាខ្លួនឯងចង់បានអី មិនដឹងថាខ្លួនឯងរាល់ថ្ងៃមានអ្វីជាខ្លួនឯង។ ជីវិតមនុស្សម្នាក់ៗមានផែនការជីវិត មានដំណើរជីវិតរៀងខ្លួន ហើយយើងមិនអាចប្រៀបធៀបជីវិតយើង និងអ្នកដទៃបានឡើយ។ វ័យកាន់តែច្រើនបញ្ហាជីវិតកាន់តែជំពាក់ជំពិន ស្មុញស្មាញលើសពីអ្វីដែលយើងបានគិតពីមុន។ តើត្រូវគិតអ្វី ធ្វើអ្វី ហើយរៀបផែនការជីវិតបែបណាទើបមិនយឺតពេល? នេះជាអ្វីដែលអ្នកត្រូវគិត៖

១. ពេលវេលា

អាយុកាន់តែច្រើន យើងនឹងដឹងថាពេលវេលាពិតជាដើរលឿន ហើយមិនបានចាំមនុស្សឡើយ។ បើអ្នកខ្ជះខ្ជាយពេល ៥ឆ្នាំ ជីវិតអ្នកនឹងដើរយឺតជាងគេដែលខំ ៥ឆ្នាំ ហើយពេលនោះអ្នកចង់ទាញពេលត្រឡប់ក្រោយក៏មិនបានដែរ។

២. គោលដៅ

ត្រង់នេះសម្ដៅទៅគោលដៅចុងក្រោយបំផុតដែលអ្នកចង់បានក្នុងឆាកជីវិត ឬអាចជាដំណាក់កាលនៃឆាកជីវិតអ្នក។ តើអាយុ ៣០ឆ្នាំ អ្នកចង់មានអ្វីក្នុងដៃ? អុ្នកចង់ក្លាយជាអ្វី? តើអាយុ ៤៥ឆ្នាំ អ្នកចង់ឈរនៅចំណុចណា? បើអ្នកមានគោលដៅបែបនេះ អ្នកនឹងអាចបំបែកវាជារឿងតូចៗដើម្បីជាស្ពានឲ្យអ្នកឆ្លងទៅរកគោលដៅនោះ។ មានន័យថា អ្នកអាចចំណាយពេល ៥ឆ្នាំធ្វើការសន្សំលុយ ឬរៀនដើរយកបទពិសោធន៍ទាក់ទងនឹងគោលដៅអ្នក ស្វែងរកដៃគូ ស្វែងរកធនធាន បន្ទាប់មកអ្នកឈាន់ទៅសម្រេចអ្វីដែលអ្នកចង់បាន ត្រឹមរយៈពេលណាមួយដែលអ្នកបានកំណត់។

៣. ការតាំងចិត្ត និងល្អិតល្អន់

អ្វីក៏ដោយគ្រប់គ្នាសុទ្ធតែអ្នកនិយាយបាន តែសំខាន់និយាយហើយអ្នកអាចធ្វើវាចេញជារូបរាងបានប៉ុណ្ណា? បើអ្នកចង់បានផ្ទះមួយក្នុងរយៈពេល ៣ឆ្នាំក្រោយ តែខណៈពេលនេះអ្នកមិនបានធ្វើអីសោះក្រៅពីចាយវាយលើសកំណត់ តើគោលដៅនោះអាចនឹងចេញជារូបរាងទេ បើអ្នកមិនបានធ្វើការ ឬរកស៊ីឲ្យមានចំណូល? លើសពីការតាំងចិត្តធ្វើ អ្នកត្រូវតែទម្លាប់ធ្វើអ្វីឲ្យល្អិតល្អន់ដើម្បីឲ្យប្រាកដថាគ្រប់យ៉ាងដើរតាមអ្វីដែលអ្នកបានកំណត់ មិនមែនធ្វើអស់តែកម្លាំងគ្មានអ្វីសម្រេចបាន។

នៅមានចំណុចល្អៗជាច្រើនដែលអ្នកអាចទាញយកមកពិចារណាក្នុងការជម្រុញអ្នកឲ្យកាន់តែដើរទៅមុនលឿន តែ៣ចំណុចខាងលើអ្នកមិនអាចរំលងបានឡើយ ព្រោះវាជាគ្រឹះដ៏រឹងមាំដែលជួយមិនឲ្យអ្នកវង្វេងក្នុងសួនជីវិត៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង