វិធីសាស្ត្រ​ពង្រឹង​ចិត្ត​ខ្លួន​ឯង​ កុំ​ឲ្យ​ងាយ​ចុះចាញ់​ពេល​ជួប​បញ្ហា​លំបាក និងដុនដាបបំផុត

thaa

គ្មាន​អ្នក​ណា​ម្នាក់​ចង់​បរាជ័យ​លើ​ការងារ​ដែល​ខ្លួន​ធ្វើ​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា​ទម្រាំ​ដើរ​ដល់​កន្លែង​ដែល​យើង​ចង់​បាន​ យើង​ត្រូវ​ឆ្លង​កាត់​បញ្ហា​ និងរឿង​រ៉ាវ​ជា​ច្រើន ខ្លះក៏ដូចចិត្ត ខ្លះក៏មិនសមដូចចិត្ត។ បែបនេះហើយ អ្នក​ត្រូវ​ចេះ​ជួយ​ខ្លួន​ឯង កុំ​ឲ្យ​ចុះចាញ់ ពេល​ដែល​រឿង​មិន​ល្អ​ចូល​មក ៖

១. ប្រាប់​ខ្លួន​ឯង​ថា​វា​គ្រាន់​តែ​ជា​ការ​ខក​ចិត្ត​ម្ដង​ប៉ុណ្ណោះ

ក្នុង​ជីវិត​យើង​មិន​អាច​ជួប​តែ​រឿង​ល្អ​ទាំង​អស់​នោះ​ទេ តែង​ជួប​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកខក​ចិត្ត ដូច្នេះ​ត្រូវ​ប្រាប់​ខ្លួន​ឯង​វា​គ្រាន់​តែ​ជា​រឿង​ដែល​យើង​មិន​ចង់​ជួប​ប៉ុណ្ណោះ ​មិន​មែន​ជា​ហេតុផល​ដែល​អ្នក​ត្រូវ​បោះបង់​នោះ​ឡើយ។

២. បើ​យើង​បោះបង់​ចោល បញ្ហា​នេះ​នៅ​តែ​រត់​មក​រក​យើង

អ្នក​មិន​អាច​ចេះ​តែ​រត់​គេច​ពី​បញ្ហា​នោះ​ទេ យើង​ត្រូវ​ហ៊ាន​ប្រឈម​មុខ​ជាមួយ​គ្រប់រឿងរ៉ាវដែលចូលមក បើ​មិន​ដូច្នេះ​ទេ វា​នៅ​តែ​បង្ហាញ​ខ្លួន​ឲ្យ​អ្នកឃើញ​ម្ដង​ហើយ​ម្ដង​ទៀត។ គេចថ្ងៃនេះបាន ក៏មិនអាចគេចបានរហូតដែរ។

៣. ត្រូវ​ចាំ​ថា​រឿង​អ្វី​ក៏​មាន​ដំណោះ​ស្រាយ​ដែរ

ទោះ​អ្នក​ជួប​ឧបសគ្គ​អ្វី​ក៏​ដោយ ត្រូវ​គិត​ថា​វាមិន​អស់​ផ្លូវ​ដើរ​ទេ ឲ្យ​តែ​យើង​មិន​ចុះចាញ់ ហើយ​ព្យាយាម​ជម្នះ​វា នោះបញ្ហានឹងអាចដោះស្រាយបាន។ លើសពីនេះអ្នកក៏ធ្លាប់លឺពាក្យមួយឃ្លាដែលថា «ទេវតាមិនបិទផ្លូវមនុស្សទេ» ដូច្នេះឲ្យតែមានដង្ហើម ជីវិតនៅតែមានផ្លូវដើរ។

៤. ពង្រឹង​អ្វី​ដែល​យើង​នៅ​ខ្វះ​ខាត

បើ​ការងារ​នោះ​មិន​ទាន់​ជោគជ័យ ត្រូវ​យក​វា​មក​គិត​ឡើង​វិញ​ថា​ហេតុ​អី​យើង​មិន​ជោគជ័យ? ត្រូវ​រក​ចំណុច​ដែល​អ្នក​នៅ​ខ្វះ​ខាត​ឲ្យ​ឃើញ រួច​ចាប់​ផ្ដើម​ពង្រឹង​ចំណុច​នោះ​ឲ្យ​បាន​សិន។ រឿង​ខ្លះមិនអាចធ្វើម្ដងក៏បានសម្រេចឡើយ វាត្រូវការពេល ត្រូវ​ការជំនាញ ត្រូវ​ការទិសដៅត្រឹមត្រូវ ដូច្នេះដកឃ្លា មកគិតឡើងវិញ សឹមសម្រុកទៅមុខម្ដងជាពីរដងទៀត។

៥. ត្រូវ​មាន​ការ​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង

ការ​អត់​ធ្មត់​គឺ​ជា​គន្លឹះ​ដែល​នាំ​អ្នក​ទៅ​កាន់​ភាព​ជោគជ័យ ហើយ​ការ​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង​គឺ​សំខាន់​ណាស់ បើ​អ្នក​មិន​អាច​មាន​ចំពោះ​ខ្លួន​ឯង​ផង តើ​អាច​មាន​ចំពោះ​អ្នក​ដទៃ ឬ ការងារ​ដែល​យើង​ធ្វើ​ម៉េច​នឹង​កើត។ រៀនរំងាប់ចិត្ត ហើយអត់ធ្មត់ខ្លះ។

៦. ត្រូវ​មាន​មោទនភាព​ចំពោះ​រឿង​តូច​ៗ​ដែល​យើង​សម្រេច​បាន

មិន​ចាំ​បាច់​ទាល់​តែ​ការងារ​ធំទើបអបអរទេ ទោះ​ការ​ងារ​តូច​ៗ​ក៏​អ្នក​ត្រូវ​មាន​មោទនភាព​លើ​ខ្លួន​ឯង​ដែរ ព្រោះ​នេះ​ជា​អ្វី​ដែល​អ្នក​ធ្វើ​ដោយ​កម្លាំង​ញើស​ឈាម​របស់​អ្នក។ រៀនសប្បាយចិត្ត និងអបអរខ្លួនឯងចំពោះគ្រប់ការប្រឹងប្រែង មិនថាវាចេញជាលទ្ធផលបានប៉ុណ្ណានោះទេ។

៧. ត្រូវ​ចាំ​ថា​មិន​មែន​មាន​តែ​យើង​នោះ​ទេ​ដែល​ឈឺចាប់

គ្មាន​បុគ្គល​ជោគជ័យ​ណា មិន​ធ្លាប់​ជួប​រឿង​ឈឺចាប់ និងបរាជ័យ​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ក្រោកឈរ​បន្ត​ក្ដី​សុបិន​ទៅ​មុខ​ទៀត។ បើ​យើង​ដួល​ហើយ​មិន​ងើប​នោះ​យើង​នឹង​គ្មាន​ថ្ងៃ​ទទួល​បាន​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ។

កុំបាម្ភអី គ្រប់យ៉ាងនឹងប្រសើរឲ្យតែអ្នកចេះគ្រប់គ្រងចិត្តឲ្យប្រសើរ និង​រៀបចំផែនការបានល្អ និង​រៀនពីរឿងដែលអ្នកបានជួបកន្លងមក៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង