ជឿថាអ្នកណាក៏មានភាពស្រ្តេសនៅក្នុងខ្លួនដែរ ប៉ុន្តែហេតុអ្វីបានជាមនុស្សខ្លះមានភាពតានតឹងតិច ហើយមនុស្សខ្លះទៀតបែរជាមានភាពតានតឹងខ្លាំងទៅវិញ នេះក៏ព្រោះតែពេលខ្លះមកពីទម្លាប់ប្រចាំថ្ងៃដែលជះឥទ្ធិពលអវិជ្ជមានទៅដល់ផ្លូវអារម្មណ៍របស់មនុស្សម្នាក់។ ថ្ងៃនេះ វចនានឹងនាំអ្នកមកចាប់អារម្មណ៍ពីទម្លាប់ខ្លះៗដែលជួយកាត់បន្ថយភាពស្ត្រេសនៅក្នុងខ្លួនរបស់អ្នកបាន ៖
១. ស្តាប់ចម្រៀង ឬ ស្តាប់ភ្លេង
ការស្តាប់ភ្លេងអាចបន្ធូរភាពតានតឹងរបស់អ្នកយ៉ាងមានប្រសិទ្ធិភាព មិនថានៅក្នុងស្ថានភាព តន្ត្រីតែងតែកំដរអ្នកបានគ្រប់ពេល ទោះជាបែបណាអ្នកអាចជ្រើសរើសបទចម្រៀងដែលអ្នកចូលចិត្តស្តាប់ ដើម្បីបំភ្លេចការឈឺចាប់ដែលអ្នកមាន។
២. ចំណាយពេលចេញទៅក្រៅ
កុំទម្លាប់ឃុំខ្លួនឯងនៅក្នុងបន្ទប់ហើយសម្ងំមើលតែទូរសព្ទ័រហូតនោះ ព្រោះអាចធ្វើឲ្យអ្នកកាន់តែស្ត្រេសលើសដើម ដូចនេះ ត្រូវមានទម្លាប់ឲ្យខ្លួនឯងចេញមកក្រៅដើរលេង ចំណាយពេលជាមួយមិត្តភក្តិ និងក្រុមគ្រួសារ និង ស្រូបយកខ្យល់អាកាសធម្មជាតិដែលនៅជុំវិញអ្នក ទើបធ្វើឲ្យភាពតានតឹងរបស់អ្នកអាចរសាត់បាត់ទៅ។
៣. រំលឹកខ្លួនឯងជាប្រចាំ
ការរំលឹកខ្លួនឯងឲ្យដឹងថា គ្មានអ្វីអាចស្ថិតស្ថេររហូតនោះទេ ដូច្នេះកុំព្យាយាមឲ្យខ្លួនឯងរស់ក្នុងអតីតកាលដែលឈឺចាប់ម្តងហើយម្តងទៀត ប៉ុន្តែត្រូវដឹងថា ជីវិតគឺខ្លីណាស់ត្រូវរស់នៅដោយសប្បាយចិត្តជាមួយបច្ចុប្បន្ន ទើបអ្នកមិនសូវស្ត្រេសជាមួយរឿងដែលហួសហើយ។
៤. ចិញ្ចឹមសត្វ cute cute នៅក្នុងផ្ទះ
ការចិញ្ចឹមសត្វអាចជួយកាត់បន្ថយសម្ពាធឈាម និងកម្រិត cortisol ដែលជាអរម៉ូនស្ត្រេសនៅក្នុងខ្លួនរបស់អ្នក ដោយសារតែ សត្វចិញ្ចឹមគឺ គួរឱ្យស្រលាញ់ លេងសើច និងធ្វើឱ្យជីវិតរបស់អ្នក កាន់តែប្រសើរឡើងផងដែរ។
ទម្លាប់ទាំងអស់នេះ ទោះជាមិនអាចកាត់បន្ថយភាពតានតឹងរបស់អ្នក 100% មែន ប៉ុន្តែក៏អាចបន្ធូរអារម្មណ៍របស់អ្នកបានមួយចំណែកធំដែរ ព្រោះនៅពេលអ្នកមានទម្លាប់ទាំង ៤ នេះជាប់ខ្លួនអ្នកមិនសូវមានអារម្មណ៍តានតឹងខ្លាំងនោះទេ។