អ្វី​ទៅ​ជា​សុភមង្គល​ពិត? សញ្ញានៃសុភមង្គលពិត ដែលអ្នកអាចនឹងមើលរំលង

Life-&-Carrier-Ad

អ្វី​ទៅ​ជា​សុភមង្គល​ពិត? និយមន័យនៃសុភមង្គល គឺជាអារម្មណ៍នៃការស្កប់ស្កល់ ភាពរីករាយ មានសុខុមាលភាព និង ការពេញចិត្ត វាគឺជាស្ថានភាពអារម្មណ៍ ដែលសម្គាល់ដោយអារម្មណ៍វិជ្ជមាន។ ដូច្នេះប្រសិនបើអ្នកចង់ដឹងថា តើខ្លួនឯងពិតជាមានសុភមង្គមពិតឬអត់ អានអត្ថបទខាងក្រោម ប្រសិនបើអ្នកមានចំណុចខាងក្រោម នោះមានន័យថាអ្នក គឺជាមនុស្សរីករាយ និងមានសុភមង្គមពិតហើយ តែអ្នកអាចនឹងមិនដឹងខ្លួន។

១. អ្នករស់នៅក្នុងបច្ចុប្បន្ន

ប្រសិនបើអ្នកមិនវង្វេង ក្នុងការចងចាំដ៏ឈឺចាប់កាលពីអតីតកាល ហើយក៏មិនខ្លាចភាពមិនច្បាស់លាស់ ដែលកើតឡើងនាពេលអនាគតដែរ មានន័យថាអ្នកកំពុងរស់នៅក្នុងបច្ចុប្បន្ន  និងរីករាយជាមួយអ្វីគ្រប់យ៉ាង ដែលអ្នកមានឥឡូវនេះ នោះអ្នករស់នៅដោយគិត និងយល់ពីតម្លៃនៃការរីករាយពីមួយថ្ងៃទៅមួយថ្ងៃ។

២. អ្នកមានភាពស្មោះត្រង់ និងសច្ចៈភាព

ការមានចិត្តស្មោះស្ម័គ្រ គឺជាសញ្ញាដ៏ស្រទន់បំផុតមួយ នៃសុភមង្គលពិត។ អ្នក​មាន​គោលការណ៍​សីលធម៌​រឹងមាំ  ប្រព្រឹត្ត​ដោយ​ភាពស្មោះត្រង់ និង​មាន​សីលធម៌ ទោះបីជា​គ្មាន​អ្នក​ណា​មើលឃើញ​ក៏ដោយ។ អ្នកក៏នឹង​និយាយ​និង​ធ្វើ​អ្វី​ដែល​អ្នក​ជឿ ហើយ​មិន​ប្រព្រឹត្ត​ផ្ទុយពី​ក្រមសីលធម៌​ផ្ទាល់ខ្លួន​របស់​អ្នកដូចគ្នា។

៣. អ្នកពេញចិត្តនឹងការងាររបស់អ្នក

មិនថាអ្នកធ្វើការងារអ្វីទេ អ្នកពេញចិត្តនឹងការងារដែលអ្នកធ្វើ អ្នករកឃើញអត្ថន័យនៅក្នុងការងាររបស់អ្នក  ដែលធ្វើឲ្យអ្នកកាន់តែពេញចិត្ត និងសុភមង្គលនឹងវា ហើយអ្នកសប្បាយចិត្តនឹងគ្រប់ផ្នែក នៃការងាររបស់អ្នក  ហើយមានអារម្មណ៍ថា មានការលើកទឹកចិត្តឲ្យធ្វើការកាន់តែខ្លាំងឡើង។

៤. អ្នកដឹងគុណចំពោះអ្វីដែលអ្នកមាន

មនុស្សដែលសប្បាយចិត្តពិតប្រាកដ គឺតែងតែអរគុណចំពោះពរជ័យទាំងអស់ ដែលពួកគេមានក្នុងជីវិត មិនថាការងារ ទំនាក់ទំនង ទ្រព្យសម្បត្តិ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ឬសុភមង្គលឡើយ។ ប្រសិនបើអ្នកមិនដែលខ្មាស់អៀន ពីការចែករំលែកការដឹងគុណរបស់អ្នកទេ វាមានន័យថាអ្នកពេញចិត្ត និងមានសុភមង្គមនឹងជីវិតរបស់អ្នកហើយ។

៥. អ្នករីករាយនឹងរឿងតូចតាចក្នុងជីវិត

ពេលខ្លះរឿងល្អៗ ដែលចូលមកក្នុងជីវិតរបស់យើង អាចចូលមកតាមរយៈរឿងតូចៗដែលមើលរំលង ហើយសញ្ញាជាមូលដ្ឋានមួយ នៃសុភមង្គលពិត គឺអ្នកឲ្យតម្លៃលើរឿងតូចតាច ច្រើនជាងសមិទ្ធផលធំៗ។

៦. អ្នកទទួលយកការផ្លាស់ប្តូរ

សុភមង្គលពិត កើតចេញពីភាពក្លាហានក្នុងការសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរ អ្នកមិនចុះចាញ់នឹងការថប់បារម្ភ  និងការភ័យខ្លាចដែលកើតឡើង ជាមួយនឹងការផ្លាស់ប្តូរ និងការបាត់បង់ការគ្រប់គ្រង លើបរិយាកាសបច្ចុប្បន្នរបស់អ្នក ជំនួសមកវិញ អ្នកស្វាគមន៍ការផ្លាស់ប្តូរ នៅពេលដែលអ្នកដឹងថាការផ្លាស់ប្តូរ នឹងនាំមកនូវឱកាសថ្មីៗ។

៧. អ្នកតែងតែចែករំលែកសុភមង្គលឲ្យអ្នកដទៃ

រឿងដ៏ល្អបំផុតមួយ ដែលមនុស្សសប្បាយចិត្តធ្វើ គឺការចែកចាយសុភមង្គលដល់អ្នកដទៃ។ អ្នកយល់ថាការចែករំលែកភាពរីករាយ និងសុភមង្គលជាមួយអ្នកដទៃ បង្កើនអារម្មណ៍វិជ្ជមានរបស់អ្នក។ ដូច្នេះ ក្នុង​ជីវិត អ្នក​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស និង​មេត្តា។

៨. អ្នកដឹងពីរបៀបគ្រប់គ្រងអារម្មណ៍របស់អ្នក

អ្នកមិនអនុញ្ញាតឲ្យអារម្មណ៍របស់អ្នក កំណត់ជីវិតរបស់អ្នកទេ ជំនួសឲ្យការប្រតិកម្មដោយរំជើបរំជួល ចេញពីអារម្មណ៍របស់អ្នក អ្នកដឹងពីរបៀបផ្អាក វិភាគ និងឆ្លើយតបដោយប្រើតក្កវិជ្ជា និងហេតុផល។

៩. អ្នកដឹងថាពេលណា ត្រូវចាប់យក និងពេលណាត្រូវបោះបង់

ការចាកចេញ គឺជាសិល្បៈដែលមានតែមនុស្ស ដែលមានសុភមង្គលពិតប្រាកដទេ ដែលស្ទាត់ជំនាញ ព្រោះពួកគេចេះទទួលយកការឈឺចាប់ ជំនួសឱ្យការរត់ចេញពីវា។ សុភមង្គល និង​សន្តិភាព​ខាងក្នុង​ពិត​ប្រាកដ​ មិន​អាច​មាន​បាន​ទេ បើ​គ្មាន​ការ​ឈឺចាប់​ខាង​ផ្លូវ​ចិត្ត ប៉ុន្តែជំនួសឱ្យការភ័យខ្លាច ការឈឺចាប់ អ្នកដឹងថា មានតែការលះបង់ការឈឺចាប់ទេ ទើបអ្នកអាចរៀនពីវា មានភាពរីកចម្រើន និងសប្បាយចិត្ត។

ចំណុចទាំងអស់នេះហើយ ទើបជាសុភមង្គមពិតប្រាកដ ពេលខ្លះអ្នកអាចនឹងមើលរំលងចំណុចទាំងអស់នេះ ហើយបែជាច្រណែនភាពរីករាយអ្នកដទៃ។

ប្រភព​៖ themindsjournal

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង