ចង់ក្លាយទៅជាមនុស្សស្រីខ្លាំងម្នាក់ និង ពូកែម្នាក់ ត្រូវប្រាកដថាអ្នកអាចមានសមត្ថភាពលើសពីមនុស្សស្រីធម្មតាដែលនៅជុំវិញអ្នក ព្រោះ មនុស្សស្រីដែលរឹងមាំហើយខ្លាំងតែងតែមានចំណុចពិសេស ដែលមនុស្សគ្រប់គ្នាមិនបានកត់សម្គាល់ឡើយ។ បន្ថែមពីនេះ អ្នកអាចជាមនុស្សស្រីដែលខ្លាំងលើសគេ ប្រសិនបើអ្នក ជាមនុស្សដែលក្លាហាន មិនខ្លាចនិងការប្រថុយប្រថាន យុត្តិធម៌ តែងតែដើរតាមអ្វីដែលអ្នកចង់បាន និង អ្វីដែលសំខាន់បំផុត គឺ ដឹងពីរបៀបធ្វើជាគំរូដ៏ល្អដល់នរណាម្នាក់ដែលនៅជុំវិញខ្លួនផងដែរ។ ខាងក្រោមនេះជា ៥ ចំណុច ដែលបង្ហាញថាអ្នកជាមនុស្សស្រីពូកែលើសពីមនុស្សស្រីធម្មតា។
១. ចេះរស់នៅក្នុងជីវិតដែលធ្វើឱ្យអ្នកសប្បាយចិត្ត
មានន័យថាអ្នកចេះជ្រើសរើសរស់នៅក្នុងជីវិតបែបស្រស់ស្រាយ និងមានក្តីសុខ ដោយមិនពឹងផ្អែកទៅលើអ្នកដទៃដើម្បីសុភមង្គលរបស់អ្នកនោះទេ។ លើសពីនេះអ្នកព្យាយាមបង្កើតក្តីសុខដោយខ្លួននៅក្នុងការស់នៅរបស់អ្នក ព្រោះអ្នកអាចបំពេញចំណុចខ្វះខាតនៅក្នុងជីវិតអ្នកផ្ទាល់ដោយមិនចាំបាច់មានអ្នកដទៃមកផ្តល់ឲ្យអ្នក។
២. ចេះរៀនពីកំហុសរបស់ខ្លួនឯង
មនុស្សស្រីដែលខ្លាំងមិនមែននាងមានចំនុចពិសេស ឬ ក៏ល្អឥតខ្ចោះពេកនោះទេ សម្រាប់អ្នកក៏ដូចគ្នា ព្រោះមនុស្សស្រីម្នាក់ដែលពូកែតែងតែរៀនពីចំណុចដែលខ្លួនឯងខ្វះខាត និង រៀនទទួលពីអ្វីដែលជាកំហុសរបស់ខ្លួន។ ម្យ៉ាងទៀតអ្នកគួរតែយកកំហុសរបស់អ្នកទុកជាមេរៀន និង បទពិសោធន៍ដើម្បីកុំឲ្យខ្លួនសាងកំហុសដដែលៗជាច្រើនដង។
៣. មិនស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតផ្តួចផ្តើម
នៅពេលដែលអ្នកមានគំនិតក្នុងការផ្តួចផ្តើមអ្វីមួយថ្មី អ្នកមិនគួរស្ទាក់ស្ទើរក្នុងការបង្ហាញទៅមនុស្សគ្រប់គ្នានោះទេ ព្រោះមនុស្សស្រីដែលរឹងមាំតែងតែ ផ្តល់នូវគំនិតដែលបង្ហាញពីតម្លៃនៃសមត្ថភាពដែលគេមានជាជាងលាក់ទុកមិនព្រមបញ្ចេញឲ្យអ្នកដទៃដឹង។
៤. ធ្វើជាម្ចាស់លើទំនួលខុសត្រូវរបស់អ្នក
ត្រូវចាំថាមនុស្សស្រីពូកែ និង ខ្លាំងម្នាក់ គេមិនដែលមើលរំលងការមានទំនួលខុសត្រូវលើខ្លួនឯងឡើយ ព្រោះពួកគេតែងតែទទួលខុសគ្រប់ពេលដែលគេសាងកំហុសចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ត និង ព្យាយាមគ្រប់គ្រងអារម្មណ៍ ព្រមទាំងមិនបន្ទោសអ្នកណាម្នាក់ដើម្បីយករួចខ្លួននោះទេ។
៥. ខិតខំដើម្បីអ្វីដែលអ្នកចង់បាន
ប្រសិនបើអ្នកចង់បានអ្វី អ្នកត្រូវតែស្វែងរកវាសម្រាប់ខ្លួនឯង ដោយមិនចាំបាច់អង្គុយរងចាំបានផលងាយៗឡើយ។ លើសពីនេះត្រូវច្បាស់ក្នុងចិត្តថាអ្នកបានខិតខំប្រឹងប្រែងដោយសមត្ថភាពរបស់ខ្លួនឯងផ្ទាល់ ដោយមិនមែនបានមកដោយទទេៗ ឬ ពឹងផ្អែកលើអ្នកដទៃដើម្បីបានលទ្ធផលល្អៗ ចូលមកក្នុងជីវិតរបស់អ្នកនោះទេ នេះជាមូលហេតុដែលធ្វើឲ្យអ្នកអាចខ្លាំង និង ពូកែជាមនុស្សស្រីដទៃទៀត។
ចំណុចខ្លះអ្នកអាចនឹងមានរួចរាល់ហើយ ប៉ុន្តែគ្រាន់តែមិនសូវប្រាកដចិត្តថាល្អប៉ុន្មានភាគរយ ដូចនេះសាកល្បងសង្កេតមើលខ្លួនឯងពីចំណុចទាំងអស់នេះទៅ អ្នកច្បាស់ជាមានអារម្មណ៍ខុសប្លែកពីមនុស្សស្រីដទៃទៀតដែលនៅជុំវិញអ្នក។