អ្នកប្រាកដជាយល់ច្បាស់ណាស់ពីអារម្មណ៍អ្នកធ្វើការ ថ្ងៃខ្លះស្មុគស្មាញខ្លាំង ថ្ងៃខ្លះទៀតក៏ខ្ជិល ហើយខ្លះទៀតធុញទ្រាន់មិនចង់ធ្វើអីទាំងអស់។ តែយ៉ាងណាក៏ដោយវាជាភារកិច្ចមិនអាចបណ្ដោយតាមតែអារម្មណ៍នោះទេ ដូច្នេះដើម្បីធ្វើឲ្យថ្ងៃធ្វើការអ្នកកាន់តែស្រស់ស្រាយ បាត់ស្មុគស្មាញ តាមវិធីសាស្ត្រនេះ៖
១. ហាត់ប្រាណ ឬ Yoga
ក្រោកពីគេងពីព្រលឹមពត់ពែនខ្លួនឲ្យស្វាង បន្ទាប់មកធ្វើលំហាតប្រាណ ឬ Yogaងាយៗនៅផ្ទះប្រមាណ ១៥ ទៅ ៣០នាទីដើម្បីឲ្យអ្នកស្រួលខ្លួន និងសុខភាពរឹងមាំ។ លើសពីនេះវាធ្វើឲ្យអ្នកស្រស់ស្រាយ មិនរយីករយាកពេលមកធ្វើការឡើយ។
២. កំណត់ផែនការការងារ
សរសេរចូលក្នុងសៀវភៅមួយពីការងារដែលអ្នកត្រូវធ្វើនៅថ្ងៃនេះ។ ចាប់ផ្ដើមធ្វើវាម្ដងមួយៗ តាមការងារណាដែលមានអាទិភាពជាង រហូតដល់តែអស់។ បើអ្នកមិនធ្វើបែបនេះទេ អ្នកនឹងអាចមានលេសជាច្រើនទុកការងារនោះបន្តដល់ថ្ងៃស្អែក។
៣. ញ៉ាំកាហ្វេ
បើមានអារម្មណ៍ថាធុញថប់ ឬងងុយគេងពេលធ្វើការនោះ អ្នកគួរតែញ៉ាំកាហ្វេមួយកែវសិន សឹមបន្តការងារទៅមុខទៀត។ កាហ្វេអាចជួយឲ្យយើងបាត់ងងុយគេ និងអារម្មណ៍ល្អជាងមុនដូច្នេះវាអាចជួយសម្រួលដល់ការងារអ្នកបានមួយផ្នែកដែរ។
៤. សម្រាកបន្តិច
បើសិនជាស្មុគស្មាញខ្លាំងអ្នកគួរតែផ្អាកការងារ ហើយសម្រាកបន្តិចសិន។ អ្នកអាចស្ដាប់ចម្រៀង មើលរឿងកំប្លែង ឬដើរចេញទៅខាងក្រៅមួយសន្ទុះ ឲ្យខួរក្បាលសម្រាកខ្លះសឹមបន្តធ្វើការទៀត។ ៥. យកឈ្នះខ្លួនឯង ត្រូវធ្វើជាមនុស្សមានទំនួលខុសត្រូវលើការងារ ដូច្នេះដំបូងអ្នកត្រូវយកឈ្នះខ្លួនឯងសិន។ ត្រូវតែដាក់កំហិតលើខ្លួនឯងខ្លះ ទើបអ្នកមិនខ្ជិល ហើយអាចសម្រេចការងារបាន។ ពេលខ្លះបើអ្នកចេះតែបណ្ដោយតាមអារម្មណ៍ ហើយមិនទាញវាមកវិញខ្លះទេ អ្នកនឹងចាញ់វា ចាញ់ខ្លួនឯង ៕